ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៦
[៣៧៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់ដោយសំឡីគរ ឬសំឡីកប្បាស(ជាដើម)។ ពួកមនុស្សនាំគ្នាដើរទៅកាន់វិហារចារិក បានឃើញហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្តមិនគួរនឹងឲ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់ដោយសំឡីដូចជាពួកគ្រហស្តអ្នកបរិភោគកាមគុណសោះ។ កាលមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងឲ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់ដោយសំឡីសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយឲ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់ដោយសំឡី ពិតមែនឬ។
ID: 636787668808377077
ទៅកាន់ទំព័រ៖