ព្រះត្រៃបិដក ភាគ ០៤
។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុឲ្យគេធ្វើសំពត់និសីទនៈ គប្បីឲ្យគេធ្វើឲ្យត្រូវប្រមាណ។ ឯប្រមាណក្នុងសំពត់និសីទនៈនោះយ៉ាងនេះ គឺបណ្តោយ២ចំអាម ទទឹង១ចំអាមកន្លះ ដោយចំអាមព្រះសុគត។ បើភិក្ខុធ្វើឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៣៨២] សម័យនោះឯង ឧទាយិដ៏មានអាយុមានរាងកាយធំ។ ឧទាយិនោះបានក្រាលសំពត់និសីទនៈចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ រួចទាញឲ្យយឺតដោយជុំវិញ ហើយអង្គុយនៅ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងឧទាយិដ៏មានអាយុយ៉ាងនេះថា នែឧទាយិ អ្នកបានជាក្រាលសំពត់និសីទនៈហើយទាញឲ្យយឺតដោយជុំវិញ ដូចជាជាងស្បែកពីដើម ព្រោះហេតុអ្វី។ ឧទាយិនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គធ្វើដូច្នោះ ព្រោះសំពត់និសីទនៈដែលព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតដល់ភិក្ខុទាំងឡាយតូចពេកណាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត(ឲ្យត)
ID: 636787670903506911
ទៅកាន់ទំព័រ៖