ព្រះត្រៃបិដក ភាគ ០៤

អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​ដែល​ជន​បាន​និមន្ត​ហើយ​ ​ឆាន់​ក្នុង​សំណាក់​របស់​ត្រកូល​ទាំងឡាយ​។​ ​បើ​មាន​ភិក្ខុនី​មក​ឈរ​បង្គាប់​គេ​ជិត​ទីនោះ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​សម្ល​មក​ក្នុង​ទីនេះ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​បាយ​មក​ក្នុង​ទីនេះ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​បណ្តេញ​ភិក្ខុនី​នោះ​ថា​ ​នែនាង​ ​ៗ​ចូរ​ថយចេញ​ទៅ​សិន​ ​ទម្រាំតែ​ពួក​ភិក្ខុ​ឆាន់​រួច​សព្វគ្រប់​។​ ​ភិក្ខុ​សូម្បី១រូប​ ​បើ​មិនបាន​ពោល​បណ្តេញ​ភិក្ខុនី​នោះ​ដោយ​ពាក្យ​ថា​ ​នែនាង​ ​ៗ​ចូរ​ថយចេញ​ទៅ​ ​ទម្រាំតែ​ពួក​ភិក្ខុ​ឆាន់​រួច​សព្វគ្រប់​ ​ដូច្នេះ​សិន​ទេ​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​សំដែង​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ត្រូវហើយ​នូវ​អាបត្តិ​ឈ្មោះ​បាដិទេសនីយៈ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ ​មិនជា​ទី​សប្បាយចិត្ត​ ​ឥឡូវ​យើង​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​
 [​៤០៣​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងឡាយ​ដែល​ជន​បាន​និមន្ត​ឆាន់​ក្នុង​សំណាក់​របស់​ត្រកូល​ទាំងឡាយ​ ​សេចក្តី​ថា​ ​ដែល​ហៅថា​ ​ត្រកូល​ ​បាន​ដល់​ត្រកូល៤ពួក​ ​គឺ​ត្រកូល​ក្សត្រ១​ ​ត្រកូល​ព្រាហ្មណ៍១​ ​ត្រកូល​ឈ្មួញ១​ ​ត្រកូល​អ្នក​គ្រួ១​។​ ​ពាក្យ​ថា​ ​ដែលគេ​និមន្ត​ឆាន់​ ​គឺ​ភិក្ខុ​ដែល​ពួក​ជន​បាន​និមន្ត​ឆាន់​ដោយ​ភោជន​ទាំង៥​ ​ភោជន​ណាមួយ​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​ ​គឺ​ស្រី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​សង្ឃ​ទាំងពីរ​ពួក​។​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636788622604288518
ទៅកាន់ទំព័រ៖