ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[៤១២] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង មានពួកទាសៈរបស់សាកិយជន ជាមនុស្សខូចកាច។ ពួកស្រីសាកិយៈប្រាថ្នាដើម្បីនឹងធ្វើនូវភត្ត (ប្រគេនពួកភិក្ខុដែលនៅ) ក្នុងទីសេនាសនៈដែលតាំងនៅក្នុងព្រៃ។ ពួកទាសៈរបស់សាកិយជនបានឮដំណឹងថា ឥឡូវ ឮថាពួកស្រីសាកិយៈមានសេចក្តីប្រាថ្នាដើម្បីនឹងធ្វើនូវភត្ត (ប្រគេនពួកភិក្ខុដែលនៅ) ក្នុងទីសេនាសនៈដែលតាំងនៅក្នុងព្រៃ។ ពួកទាសៈទាំងនោះនាំគ្នាទៅពួនសម្ងំចាំស្ទាក់ជិតផ្លូវ។ (លុះ) ពួកស្រីសាកិយៈនាំយកខាទនីយៈ និងភោជនីយៈដ៏ឧត្តមចេញដើរតម្រង់ទីសេនាសនៈ ដែលតាំងក្នុងព្រៃ ឯពួកទាសៈរបស់សាកិយៈជន ក៏ស្ទុះចេញទៅប្លន់ពួកស្រីសាកិយៈ ហើយប្រទូស្តថែមទៀតផង។ ពួកសាកិយជនក៏បានចេញទៅចាប់ពួកចោរទាំងនោះព្រមទាំងពស្តុតាង ហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលពួកចោរវានៅជិតវត្ត លោកម្ចាស់ទាំងឡាយមិនគួរនឹងមិនប្រាប់ (យើងឲ្យដឹងផងសោះ)។ កាលពួកសាកិយជនពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។
ID: 636788627429914528
ទៅកាន់ទំព័រ៖