ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលចូលទៅកាន់លំនៅ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២២] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយវាសដៃខ្លះ វាសជើងខ្លះ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសង្រួមឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។
ភិក្ខុត្រូវតែសង្រួមឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយគ្រវាត់គ្រវែងដៃខ្លះ ជើងខ្លះ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២៣] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយវាសដៃខ្លះ វាសជើងខ្លះ អង្គុយក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសង្រួមដោយល្អអង្គុយនៅក្នុងចន្លោះផ្ទះ។
ID: 636788634695800113
ទៅកាន់ទំព័រ៖