ព្រះត្រៃបិដក ភាគ ០៤
[៤២៥] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុក្រឡេកមើលត្រង់ទីនោះៗ អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមានភ្នែកសំឡឹងចុះ អង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុត្រូវតែមានភ្នែកសំឡឹងចុះត្រឹមមួយជួរនឹម អង្គុយនៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយក្រឡេកមើលត្រង់ទីនោះៗ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២៦] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយសើយចីវរខាងម្ខាង ឬទាំងពីរខាង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
ID: 636788635803283457
ទៅកាន់ទំព័រ៖