ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៣៥] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយឆ្កាដៃ វាសដៃ អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆ្កាដៃ អង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវឆ្កាដៃ អង្គុយនៅក្នុងចន្លោះផ្ទះទេ ត្រូវដាក់ដៃឲ្យស្រួល អង្គុយនៅ ក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឆ្កាដៃ វាសដៃ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុចូលទៅកាន់ទីនៅ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៣៦] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគ្រលែងក្បាល រេក្បាល ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបានគ្រលែងក្បាល ដើរទៅក្នុងចន្លោះផ្ទះ។
ID: 636788639341675842
ទៅកាន់ទំព័រ៖