ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុត្រូវទទួលអាហារបិណ្ឌបាតដោយគោរព។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយទទួលអាហារបិណ្ឌបាតមិនគោរព ធ្វើដូចជាមានសេចក្តីប្រាថ្នានឹងចាក់ចោល ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៤៥] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំឡឹងមើលទៅក្នុងទីនោះៗ ទទួលបិណ្ឌបាត កាលបើមានជនកំពុងដាក់បាត្រក្តី ដាក់រួចហើយដើរទៅក្តី ក៏មិនបានដឹងសោះ (ព្រោះមិនសង្រួមរវល់តែមើលទៅទីផ្តេសផ្តាស)។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសំគាល់ក្នុងបាត្រ ហើយទទួលបិណ្ឌបាត។
ភិក្ខុត្រូវសំគាល់ក្នុងបាត្រ ហើយទទួលបិណ្ឌបាត។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំឡឹងមើលទៅក្នុងទីនោះៗ ទទួលបិណ្ឌបាត ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
ID: 636788643145863429
ទៅកាន់ទំព័រ៖