ព្រះត្រៃបិដក ភាគ ០៤
សក្កច្ចវគ្គ
[៤៤៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់បិណ្ឌបាតមិនគោរព ធ្វើដូចជាមិនចង់ឆាន់។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតដោយគោរព។
ភិក្ខុត្រូវឆាន់បិណ្ឌបាតដោយគោរព។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឆាន់បិណ្ឌបាតមិនគោរព ធ្វើហាក់ដូចជាមិនចង់ឆាន់ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៤៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបែរមើលទៅទីនោះៗឆាន់បិណ្ឌបាត កាលបើទាយកកំពុងអង្គាសក្តី អង្គាសរួចហើយចេញដើរទៅក្តី ក៏មិនដឹងអ្វីឡើយ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងសំគាល់តែក្នុងបាត្រឆាន់បិណ្ឌបាត។
ភិក្ខុត្រូវសំគាល់តែក្នុងបាត្រ ហើយឆាន់បិណ្ឌបាត។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំឡឹងមើលទៅទីនោះៗ ឆាន់បិណ្ឌបាតបណ្តើរ ត្រូវអាបត្តិទុក្កដ។
ID: 636788645107165609
ទៅកាន់ទំព័រ៖