ព្រះត្រៃបិដក ភាគ ០៤

 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៥០​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​កកាយ​បាយ​ឲ្យ​ខូង​ក្នុង​ទី​នោះ​ៗ​ ​ឆាន់​បិណ្ឌបាត​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ឆាន់​បិណ្ឌបាត​វាច​ឲ្យ​ស្មើ​។​
 ភិក្ខុ​ត្រូវ​ឆាន់​បិណ្ឌបាត​វាច​ឲ្យ​ស្មើ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​កកាយ​បាយ​ឲ្យ​ខូង​ក្នុង​ទី​នោះ​ៗ​ ​ឆាន់​បិណ្ឌបាត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​កកាយ​បិណ្ឌបាត​ឲ្យ​ខូង​ឲ្យ​ដល់​ពួក​ជន​ដទៃ១​ ​ភិក្ខុ​កកាយ​បិណ្ឌបាត​ឲ្យ​ខូង​រោយរាយ​ចុះ​ក្នុង​ភាជន​ដទៃ១​ ​ភិក្ខុ​កកាយ​សម្ល​ឧត្តរិភង្គ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៥១​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​កាល​ឆាន់​បិណ្ឌបាត​ ​ក៏​ឆាន់​សម្ល​ច្រើនជាង​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ឆាន់​បិណ្ឌបាត​ឲ្យ​ល្មម​គ្នា​នឹង​សម្ល​។​
ថយ | ទំព័រទី ៤៥៦ | បន្ទាប់
ID: 636788645782574240
ទៅកាន់ទំព័រ៖