ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុប្រមូលបិណ្ឌបាតដែលសេសសល់បន្តិចបន្តួច ឲ្យមូលជាមួយគ្នា ហើយច្រមឆាន់១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៥៣] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកកាយបាយលុបសម្លខ្លះ ម្ហូបខ្លះ ព្រោះអាស្រ័យសេចក្តីល្មោភច្រើន។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនកកាយបាយលុបសម្ល ឬម្ហូប ព្រោះអាស្រ័យសេចក្តីល្មោភច្រើន។
ភិក្ខុមិនត្រូវកកាយបាយលុបសម្ល ឬម្ហូប ព្រោះអាស្រ័យសេចក្តីល្មោភច្រើនទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយកកាយបាយលុបសម្ល ឬម្ហូប ព្រោះអាស្រ័យសេចក្តីល្មោភច្រើន ត្រូវអាបត្តិទុក្កដ។
ID: 636788647117040567
ទៅកាន់ទំព័រ៖