ព្រះត្រៃបិដក ភាគ ០៤
ប្រព្រឹត្តទៅបានស្រួលទេ បពិត្រលោកម្ចាស់ទាំងឡាយ ណ្ហើយចុះ សូមពួកលោកម្ចាស់សំដែងធម៌ឲ្យទាន។ ភិក្ខុទាំងនោះនិយាយថា ម្នាលនាង កិរិយាដែលភិក្ខុចូលមកកាន់លំនៅរបស់ភិក្ខុនី ហើយសំដែងធម៌ដល់ភិក្ខុនី មិនគួរឡើយ ហើយមានសេចក្តីសង្ស័យ (យ៉ាងនេះ) ក៏មិនហ៊ានសំដែងធម៌ឡើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរក្នុងវេលាព្រឹក ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅរបស់ព្រះមហាបជាបតិគោតមី លុះដល់ហើយ ទ្រង់គង់លើអាសនៈដែលតែងតាំងទុក។ ព្រះដ៏មានព្រះភាគទ្រង់គង់ហើយ ទ្រង់ត្រាស់សួរព្រះមហាបជាបតិគោតមីយ៉ាងនេះថា ព្រះនាងគោតមី សរីរយន្តព្រះនាងល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានស្រួលដែរឬ។ ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលមុនភិក្ខុជាថេរៈទាំងឡាយ មកសំដែងធម៌ដល់ខ្ញុំព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គមានសេចក្តីសប្បាយ ក៏ឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់ហើយ ព្រោះហេតុនោះ ភិក្ខុជាថេរៈទាំងឡាយមានសេចក្តីខ្លាចក្រែង ទើបមិនហ៊ានសំដែង សេចក្តីមិនសប្បាយមានដល់ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ព្រះមហាបជាបតិគោតមីឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ។
ID: 636786892464762762
ទៅកាន់ទំព័រ៖