ព្រះត្រៃបិដក ភាគ ០៤

សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បីឲ្យ​ភិក្ខុ​ដែល​មាន​ជម្ងឺ​សូម​សម្ល​ក្តី​ ​បាយ​ក្តី​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ហើយ​ឆាន់​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​ឥតមាន​ជម្ងឺ​ ​នឹង​មិនបាន​សូម​សម្ល​ ​ឬ​បាយ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ហើយ​ឆាន់​។​ ​
 ភិក្ខុ​ឥតមាន​ជម្ងឺ​ ​មិន​ត្រូវ​សូម​សម្ល​ ​ឬ​បាយ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ហើយ​ឆាន់​ទេ​។​ ​ភិក្ខុ​ណា​ឥតមាន​ជម្ងឺ​ ​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​សូម​សម្ល​ ​ឬ​បាយ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១១យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​សូម​ក្នុង​សំណាក់​ញាតិ១​ ​ភិក្ខុ​សូម​ក្នុង​សំណាក់​ជន​ដែល​បាន​បវារណា១​ ​ភិក្ខុ​សូម​ដើម្បី​ប្រយោជន៍​អ្នកដទៃ១​ ​ភិក្ខុ​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៤៦១ | បន្ទាប់
ID: 636788648275266814
ទៅកាន់ទំព័រ៖