ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                កពឡវគ្គ
 [៤៥៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកាលពំនូតបាយនៅមិនទាន់ដល់មាត់ ក៏ហារមាត់ចាំ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា កាលពំនូតបាយមិនទាន់មកដល់ អញនឹងមិនបើទ្វារមាត់ចាំ។
 ភិក្ខុមិនត្រូវហារមាត់ចាំពំនូតបាយដែលមិនទាន់បានមកដល់មាត់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយហារមាត់ចាំពំនូតបាយដែលមិនទាន់មកដល់មាត់ ត្រូវអាបត្តិទុក្កដ។
 វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 [៤៦០] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកាលឆាន់បាយ ក៏ញាត់(ម្រាម)ដៃទាំងអស់ចូលទៅក្នុងមាត់។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញកាលឆាន់បាយ នឹងមិនញាត់(ម្រាម)ដៃទាំងអស់ចូលទៅក្នុងមាត់។
            
 
            
         
        
            
                ID: 636788650222388183 
                
            
            
                ទៅកាន់ទំព័រ៖