ព្រះត្រៃបិដក ភាគ ០៤
[៤៦៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់បៀមពំនូតបាយក្នុងថ្ពាល់(គឺបៀមដូចស្វា)។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់បៀមពំនូតបាយក្នុងថ្ពាល់។
ភិក្ខុមិនត្រូវឆាន់បៀមពំនូតបាយក្នុងថ្ពាល់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ឆាន់បៀមពំនូតបាយក្នុងថ្ពាល់ម្ខាង ឬទាំងពីរខាង ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុឆាន់ផ្លែឈើតូចធំ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៦៥] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់រលាស់ដៃ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់រលាស់ដៃ។
ភិក្ខុមិនត្រូវឆាន់រលាស់ដៃទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ឆាន់រលាស់ដៃបណ្តើរ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុចោលសម្រាមហើយរលាស់ដៃ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
ID: 636788652142257993
ទៅកាន់ទំព័រ៖