ព្រះត្រៃបិដក ភាគ ០៤
[៤៦៦] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់ធ្វើគ្រាប់បាយឲ្យជ្រុះរោយរាយ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់គ្រាប់បាយឲ្យជ្រុះរោយរាយ។
ភិក្ខុមិនត្រូវឆាន់ធ្វើគ្រាប់បាយឲ្យជ្រុះរោយរាយទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ឆាន់ធ្វើគ្រាប់បាយឲ្យជ្រុះរោយរាយ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុចោលសម្រាមដោយទៅទាំងគ្រាប់បាយ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៦៧] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់លៀនអណ្តាត។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនឆាន់លៀនអណ្តាត។
ភិក្ខុមិនត្រូវឆាន់លៀនអណ្តាតទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ឆាន់លៀនអណ្តាត ត្រូវអាបត្តិទុក្កដ។
ID: 636788652908911843
ទៅកាន់ទំព័រ៖