ព្រះត្រៃបិដក ភាគ ០៤
នោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យភិក្ខុសំដែងធម៌ដល់មនុស្សឈឺមានឆត្រនៅក្នុងដៃបាន (ឥតមានទោស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានឆត្រនៅក្នុងដៃ។
ដែលហៅថា ឆត្រ បានដល់ឆត្រ៣យ៉ាងគឺ ឆត្រដែលគេពាសដោយសំពត់មានពណ៌ស១ ឆត្រដែលគេធ្វើដោយផែង១ ឆត្រដែលគេធ្វើដោយស្លឹកឈើ១ (ឆត្រទាំង៣នេះ) ដែលគេចងឲ្យមានរាងមូល
(១) ចងឲ្យជាប់មាំដោយឆ្អឹងឆត្រ
(២)។ ដែលហៅថា ធម៌ គឺធម៌ដែលព្រះពុទ្ធទ្រង់សំដែង សាវកសំដែង ឥសីសំដែង ទេវតាសំដែង ប្រកបដោយអដ្ឋកថា ប្រកបដោយបាឡី។ ត្រង់ពាក្យថា សំដែង គឺភិក្ខុសំដែងដោយបទ ត្រូវអាបត្តិទុក្កដគ្រប់ៗបទ។ ភិក្ខុសំដែងដោយអក្ខរៈ ត្រូវអាបត្តិទុក្កដគ្រប់ៗអក្ខរៈ។
(១) ដីកាវិន័យ ឆត្រនេះគេធ្វើឆ្អឹងទទឹង មានវង់មូលដូចជាកង់ ហើយយកមកភ្ជាប់នឹងឆ្អឹងបណ្តោយចងរឹតនឹងចេស ។ (២) ឆត្រនេះ គេធ្វើឆ្អឹងបណ្តោយ និងឆ្អឹងទទឹងឲ្យត្រង់ ចងឲ្យមាំ មានដងវែង (ឆ្អឹងលុត) គេប្រើបើកបិទបាន ។
ID: 636788665766227239
ទៅកាន់ទំព័រ៖