ព្រះត្រៃបិដក ភាគ ០៤
[៤៧៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សមានគ្រឿងសស្ត្រានៅក្នុងដៃ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានគ្រឿងសស្ត្រានៅក្នុងដៃ។
គ្រឿងដែលសម្រាប់ប្រហារ មានមុខមុតតែម្ខាង ឬមានមុខមុតទាំងពីរខាង ហៅថា គ្រឿងសស្ត្រា។ ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ មានគ្រឿងសស្ត្រានៅក្នុងដៃទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ មានគ្រឿងសស្ត្រានៅក្នុងដៃ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៧៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សមានគ្រឿងអាវុធនៅក្នុងដៃ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺមានគ្រឿងអាវុធនៅក្នុងដៃ។
ID: 636788666758363986
ទៅកាន់ទំព័រ៖