ព្រះត្រៃបិដក ភាគ ០៤
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨៣] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សនៅលើដំណេក។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺនៅលើដំណេក។
ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ នៅលើដំណេកទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ដោយហោចទៅ សូម្បីដេកនៅលើផែនដី ក៏ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សអង្គុយត្របោមក្បាលជង្គង់។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយត្របោមក្បាលជង្គង់។
ID: 636788668996071976
ទៅកាន់ទំព័រ៖