ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយត្របោមក្បាលជង្គង់ទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយត្របោមក្បាលជង្គង់ដោយដៃក្តី អង្គុយត្របោមក្បាលជង្គង់ដោយសំពត់ក្តី ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨៥] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សជួតក្បាល។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺជួតក្បាល។
ដែលហៅថា មនុស្សជួតក្បាល គឺសំដៅយកមនុស្សដែលជួតក្បាល មិនឲ្យឃើញចុងសក់។ ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ជួតក្បាលទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ជួតក្បាល ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុបង្គាប់មនុស្សនោះឲ្យបើកឈ្នួតឲ្យលេចចុងសក់ចេញ ហើយទើបសំដែង១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
ID: 636788669479159607
ទៅកាន់ទំព័រ៖