ព្រះត្រៃបិដក ភាគ ០៤
[៤៨៦] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងធម៌ដល់មនុស្សទទូរក្បាល។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជម្ងឺទទូរក្បាល។
ដែលហៅថា មនុស្សទទូរក្បាល គឺសំដៅយកមនុស្សដណ្តប់សំពត់គ្របទាំងក្បាល។ ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ទទូរក្បាលទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ ទទូរក្បាល ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុបង្គាប់គេឲ្យបើកឈ្នួតក្បាលហើយទើបសំដែង១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨៧] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយផ្ទាល់នឹងដី ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយផ្ទាល់នឹងផែនដី ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺអង្គុយនៅលើអាសនៈ។
ID: 636788669971767783
ទៅកាន់ទំព័រ៖