ព្រះត្រៃបិដក ភាគ ០៤
លើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយលើអាសនៈខ្ពស់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា។
[៤៨៩] ម្នាលភិក្ខុទាំងឡាយ កាលពីដើមក្នុងក្រុងពារាណសី មានស្រីជាប្រពន្ធរបស់បុរសចណ្ឌាលម្នាក់ ជាស្រីមានគភ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្រីចណ្ឌាលនោះបានពោលពាក្យនេះនឹងបុរសចណ្ឌាលនោះថា បពិត្រអ្នកជាអយ្យបុត្រ ឥឡូវខ្លួនខ្ញុំមានគភ៌ហើយ ខ្ញុំចង់ទទួលទានផ្លែស្វាយណាស់។ ឯប្តីនោះតបវិញថា ផ្លែស្វាយគ្មានទេ (ព្រោះ) កាលនេះ មិនមែនជាកាលមានផ្លែស្វាយ។ ប្រពន្ធនោះនិយាយថា បើខ្ញុំមិនបានផ្លែស្វាយទេ ខ្ញុំមុខជានឹងស្លាប់ (ពុំខានឡើយ)។ គ្រានោះឯង មានដើមស្វាយរបស់ស្តេច (១ដើម) តែងមានផ្លែជាប់ជានិច្ច។ ម្នាលភិក្ខុទាំងឡាយ សម័យនោះ បុរសចណ្ឌាលនោះក៏ចូលទៅរកដើមស្វាយនោះ លុះចូលទៅដល់ហើយ ក៏ឡើងទៅពួនលើដើមស្វាយនោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះឯង ស្តេចបានទ្រង់រាជដំណើរទៅកាន់ដើមស្វាយនោះជាមួយនឹងព្រាហ្មណបុរោហិត លុះដល់ហើយ ក៏គង់លើអាសនៈដ៏ខ្ពស់
ID: 636788670768313342
ទៅកាន់ទំព័រ៖