ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[៥២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ ពួកឆព្វគ្គិយភិក្ខុ និយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វីឡើយ ពួកឆព្វគ្គិយភិក្ខុមកនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនិយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយមិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីប៉ុន្មានទេ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ពិតមែនឬ។
ID: 636786893853542195
ទៅកាន់ទំព័រ៖