ព្រះត្រៃបិដក ភាគ ០៤
ត្រូវអាបត្តិបាចិត្តិយរាល់ៗផ្លូវម្ជុល។ ពាក្យថា ប្រើគេឲ្យដេរ គឺភិក្ខុបង្គាប់អ្នកដទៃឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់ ដេរច្រើនដង ត្រូវអាបត្តិបាចិត្តិយ (តែមួយ)។
[៦៧] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិមែន ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុមានសេចក្តីសង្ស័យ ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរដើម្បីភិក្ខុនីដែលបានឧបសម្បទាអំពីសង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិមែន មិនត្រូវអាបត្តិអ្វីឡើយ។
[៦៨] អាបត្តិមិនមានដល់ភិក្ខុដែលដេរចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលដេរឯង ឬប្រើគេឲ្យដេរនូវបរិក្ខារដទៃក្រៅពីចីវរ (ឲ្យភិក្ខុនី) ឲ្យសិក្ខមានា ឬឲ្យសាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៦ ចប់។
ID: 636786898778033860
ទៅកាន់ទំព័រ៖