ព្រះត្រៃបិដក ភាគ ០៤
នឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សួរពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃ មែនឬទេ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ចេញចាកវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តយ។
ID: 636786875882004282
ទៅកាន់ទំព័រ៖