ព្រះត្រៃបិដក ភាគ ០៤
ជាមួយគ្នា ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៧៥] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយអំពីក្រុងសាកេត ទៅកាន់ក្រុងសាវត្ថី។ ក្នុងទីកណ្តាលផ្លូវមានស្ទឹង១ដែលគេតែងតែឆ្លង។ ទើបភិក្ខុនីទាំងឡាយនោះបានពោពាក្យនេះនឹងភិក្ខុទាំងឡាយនោះថា យើងទាំងឡាយនឹងឆ្លងមួយអន្លើដោយលោកម្ចាស់ទាំងឡាយដែរ។ ភិក្ខុទាំងឡាយនោះឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា មិនគួរទេ (បើដូច្នោះ) នាងទាំងឡាយឆ្លងទៅមុនឬ ៗយើងទាំងឡាយនឹងឆ្លងទៅមុន។
ID: 636786901538411745
ទៅកាន់ទំព័រ៖