ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុនីទាំងឡាយឆ្លើយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ លោកម្ចាស់ទាំងឡាយចូរឆ្លងទៅមុនចុះ។ កាលភិក្ខុនីទាំងឡាយនោះឆ្លងទៅជាខាងក្រោយ ចោរទាំងឡាយក៏ដណ្តើមយក (បាត្រ និងចីវរ) ផង ប្រទុស្តផង ក្នុងកាលណោះ។ លុះភិក្ខុនីទាំងឡាយនោះទៅដល់ក្រុងសាវត្ថីហើយ ក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នាដើម្បីឆ្លងទទឹង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។
[៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។បេ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុងសំណាក់នៃឧភតោសង្ឃ
(១) ។ ពាក្យថា ជាមួយគ្នា គឺពួកជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយ
(១) សង្ឃពីរពួក គឺភិក្ខុសង្ឃ១ ភិក្ខុនីសង្ឃ១។
ID: 636786902043380627
ទៅកាន់ទំព័រ៖