ព្រះត្រៃបិដក ភាគ ០៤
ហេតុដូចម្តេចក៏អ្នកទៅនិមន្តពួកកូនក្មេងមកវិញ។ គហបតីសួរថា បពិត្រលោកម្ចាស់ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះ មានព្រះនាមដូចម្តេចខ្លះ។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា លោកម្ចាស់ទេវទត្ត លោកម្ចាស់កោកាលិក លោកម្ចាស់កតមោរកតិស្សកៈ លោកម្ចាស់ខណ្ឌទេវីបុត្រ លោកម្ចាស់សមុទ្ទទត្ត។ កាលភិក្ខុនីឈ្មោះថុល្លនន្ទាកំពុងតែនិយាយពាក្យនេះមិនទាន់អស់នៅឡើយ។ ស្រាប់តែភិក្ខុជាថេរៈទាំងឡាយចូលមកក្នុងពេលនោះ។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈមហានាគដ៏ប្រសើរទាំងឡាយ អ្នកបាននិមន្តហើយ ពិតមែនឬ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ឥឡូវនេះ លោកម្ចាស់បានធ្វើនូវព្រះថេរៈមហានាគដ៏ប្រសើរទាំងឡាយថាជាកូនក្មេង លោកម្ចាស់ត្រឡប់ធ្វើពួកភិក្ខុជាកូនក្មេងថាជាមហានាគដ៏ប្រសើរទៅវិញ (ថាដូច្នោះហើយ) ក៏ចាប់ទាញភិក្ខុនីឈ្មោះថុល្លនន្ទាចេញពីផ្ទះផង និច្ចភត្ត (គឺចង្ហាន់ដែលផ្គត់ផ្គង់ជានិច្ច) ក៏ផ្តាច់បង់ចេញ គឺឈប់ឲ្យតទៅទៀតផង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តបានដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលទេវទត្ត ឮថាអ្នកដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ពិតមែនឬ។
ID: 636786903598949601
ទៅកាន់ទំព័រ៖