ព្រះត្រៃបិដក ភាគ ០៤
ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ ម្នាលមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៨០] សម័យនោះឯង មានភិក្ខុ១រូបចេញពីក្រុងរាជគ្រិះទៅបួស ហើយទៅកាន់ត្រកូលញាតិ។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ដ៏ចំរើនខាននិមន្តមកយូរហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាធ្វើចង្ហាន់ប្រគេនដោយគោរព។ មានភិក្ខុនីម្នាក់ជាជីតុនរបស់ត្រកូលនោះ បាននិយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យចង្ហាន់ដល់លោកម្ចាស់ចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា កាលដឹងហើយបរិភោគបិណ្ឌបាតដែលភិក្ខុនីចាត់ចែង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (សង្ស័យដូច្នោះហើយ) ក៏មិនទទួល (បិណ្ឌបាតនោះ) ហើយមិនអាចនឹងត្រាច់ទៅដើម្បីបិណ្ឌបាតទៀតផង ក៏អត់ចង្ហាន់ក្នុងពេលនោះឯង។
ID: 636786903981381475
ទៅកាន់ទំព័រ៖