ព្រះត្រៃបិដក ភាគ ០៤
ទើបភិក្ខុនោះទៅអារាម ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលចង្ហាន់មានគ្រហស្ថប្រារព្ធជាមុនហើយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលដឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយកាលដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថបានប្រារព្ធជាមុន។
[៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងឯងក្តី ជនទាំងឡាយដទៃដឹងហើយប្រាប់ដល់ភិក្ខុនោះក្តី ភិក្ខុនីនោះប្រាប់ក្តី។ ដែលហៅថា ភិក្ខុនី គឺស្រ្តីដែលបានឧបសម្បទាក្នុងសំណាក់ឧភតោសង្ឃ។ ដែលហៅថា ចាត់ចែង (គឺភិក្ខុនីនិយាយប្រាប់ដល់ជន) ដែលមិនចង់ឲ្យ មិនចង់ធ្វើទានក្នុងកាលមុនថា លោកម្ចាស់នេះជាអ្នកពោល លោកម្ចាស់នេះជាពហុស្សូត លោកម្ចាស់នេះជាអ្នកចេះព្រះសូត្រ លោកម្ចាស់នេះទ្រទ្រង់វិន័យ លោកម្ចាស់នេះជាធម្មកថិក អ្នកទាំងឡាយចូរឲ្យ (ចង្ហាន់)
ID: 636786904337681854
ទៅកាន់ទំព័រ៖