ព្រះត្រៃបិដក ភាគ ០៤
ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងតែម្នាក់ឯងមិនគួរនឹងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯងទេ នែមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាក្រៃលែងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ សម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទាក្នុងសំណាក់ឧភតោសង្ឃ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយ។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺភិក្ខុនិងភិក្ខុនី។ ដែលហៅថា ទីស្ងាត់ គឺទីកំបាំងភ្នែក១ ទីកំបាំងត្រចៀក១។ ដែលហៅថាទីកំបាំងភ្នែក គឺទីដែលគេមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ក៏មិនអាចមើលឃើញបាន។ ដែលហៅថា ទីកំបាំងត្រចៀក គឺទីដែលគេមិនអាចដើម្បីស្តាប់ពាក្យពោលជាប្រក្រតីបាន។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា កាលភិក្ខុនីអង្គុយ
ID: 636786905926742743
ទៅកាន់ទំព័រ៖