ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុអង្គុយជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុអង្គុយ ភិក្ខុនីអង្គុយជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) អង្គុយក្តី ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។
[៨៦] ទីស្ងាត់ ភិក្ខុក៏សំគាល់ថាទីស្ងាត់ ហើយអង្គុយជាមួយនឹងភិក្ខុនីតែមួយនឹងមួយ ត្រូវអាបត្តិបាចិត្តិយ។ ទីស្ងាត់ តែភិក្ខុសង្ស័យ ហើយអង្គុយជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ទីស្ងាត់ ភិក្ខុសំគាល់ថាមិនស្ងាត់ ហើយអង្គុយជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ទីមិនស្ងាត់ ភិក្ខុសំគាល់ថាទីស្ងាត់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងទីមិនស្ងាត់ ត្រូវអាបត្តិទុក្កដ។ ទីមិនស្ងាត់ ភិក្ខុក៏សំគាល់ថាមិនស្ងាត់ មិនត្រូវអាបត្តិឡើយ។
[៨៧] អាបត្តិមិនមានដល់ភិក្ខុដែលមានបុរសណានីមួយដែលដឹងសេចក្តីនៅជាពីរនាក់នឹងខ្លួន ដល់ភិក្ខុដែលឈរ មិនអង្គុយ ដល់ភិក្ខុដែលមានបំណងនូវទីមិនស្ងាត់ ហើយ(អង្គុយ) ដល់ភិក្ខុដែលមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទទី១០ ចប់។
ឱវាទវគ្គ ជាគំរប់៣ ចប់។
ID: 636786906421671051
ទៅកាន់ទំព័រ៖