ព្រះត្រៃបិដក ភាគ ០៤
ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺអាស្រ័យនៅរឿយៗ ឆាន់ភោជនក្នុងរោងទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា បិណ្ឌបាតក្នុងរោងទាន ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[៩០] ភិក្ខុដែលអាចដើម្បីចៀសចេញពីរោងទាននោះទៅបាន ហៅថា មិនមានជម្ងឺ។ ភិក្ខុដែលមិនអាចដើម្បីចៀសចេញពីរោងទាននោះទៅបាន ហៅថា មានជម្ងឺ។ ដែលហៅថា បិណ្ឌបាតក្នុងរោងទាន បានដល់ភោជនទាំង៥យ៉ាង ភោជនណាមួយដែលគេតាក់តែងក្នុងសាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី មិនចំពោះបុគ្គលណា គេតាក់តែងកំណត់ល្មមមួយឆ្អែត (គ្រប់ៗគ្នា)។ ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើទទួលឲ្យហួសពីកំណត់នោះទៅ ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
ID: 636786908333340393
ទៅកាន់ទំព័រ៖