ព្រះត្រៃបិដក ភាគ ០៤
វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៥] សម័យនោះឯង មនុស្សទាំងឡាយតាក់តែងចង្ហាន់ព្រមទាំងចីវរ ក្នុងសម័យចីវរទាន ហើយនិមន្តភិក្ខុទាំងឡាយថា យើងទាំងឡាយនឹងនិមន្តលោកម្ចាស់ទាំងឡាយឲ្យឆាន់ រួចហើយនឹងប្រគេនចីវរឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយ សង្ស័យមិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើងដល់ភិក្ខុដោយស្តួចស្តើង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជនបានក្នុងសម័យនៃចីវរទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេឲ្យចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
ID: 636786910290922360
ទៅកាន់ទំព័រ៖