ព្រះត្រៃបិដក ភាគ ០៤
គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាមានសម័យជាទីធ្វើនូវចីវរហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យដែលដើរផ្លូវឆ្ងាយ គឺភិក្ខុដឹងថា អញនឹងដើរផ្លូវឆ្ងាយប្រមាណកន្លះយោជន៍ហើយ គប្បីឆាន់គណភោជនបាន។ កាលភិក្ខុកំពុងដើរទៅ ក៏គប្បីឆាន់គណភោជនបាន។ កាលភិក្ខុមកវិញ ក៏គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យឡើងជិះទូក គឺភិក្ខុដឹងថា អញនឹងឡើងជិះទូក ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុឡើងជិះទូកហើយគប្បីឆាន់គណភោជនបាន។ កាលភិក្ខុចុះអំពីទូកហើយគប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យមានភិក្ខុច្រើនអង្គ គឺសម័យដែលភិក្ខុទាំងឡាយពីរ ឬបីអង្គត្រាច់ទៅដើម្បីបិណ្ឌបាត ហើយបានឆាន់ឆ្អែតក្នុងទីណា ដល់ភិក្ខុមួយអង្គមកទៀត ត្រូវជាបួនអង្គ ឆាន់មិនឆ្អែត។ ភិក្ខុដឹងថា សម័យមានភិក្ខុច្រើនអង្គដូច្នេះ ហើយគប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យនៃសមណភត្ត គឺអ្នកណាមួយដែលរាប់បញ្ចូលក្នុងពួកអ្នកបួស (ក្រៅព្រះពុទ្ធសាសនា) ធ្វើភត្ត។ ភិក្ខុដឹងថា សម័យនៃសមណភត្ត ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុទទួលគណភោជនដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលក្នុងក។
ID: 636786913168406943
ទៅកាន់ទំព័រ៖