ព្រះត្រៃបិដក ភាគ ០៤
សេចក្តីថា គប្បីទទួលយកបានត្រឹមពេញពីរបីបាត្រ។ ពាក្យថា បើទទួលឲ្យហួសពីកំណត់នោះទៅ សេចក្តីថា ភិក្ខុទទួលឲ្យលើសលុបពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ភិក្ខុទទួល (នំ ឬសដូវ) កំណត់ពេញពីរបីបាត្រហើយ ចេញពីទីនោះមក ឃើញភិក្ខុ (ឯទៀត) ត្រូវប្រាប់ថា ក្នុងទីឯណោះ ខ្ញុំទទួល (នំឬសដូវ) ពេញពីរបីបាត្រមកហើយ លោកកុំទៅទទួលក្នុងទីនោះឡើយ។ បើភិក្ខុឃើញហើយមិនប្រាប់ ត្រូវអាបត្តិទុក្កដ។ បើប្រាប់ហើយ ភិក្ខុនៅតែទទួល ត្រូវអាបត្តិទុក្កដ។
[១១៥] ត្រង់ពាក្យថា ត្រូវនាំចេញអំពីទីនោះហើយ ចែកមួយអន្លើដោយភិក្ខុទាំងឡាយ សេចក្តីថា ក្នុងពេលដែលត្រឡប់មក ត្រូវនាំយក (នំឬសដូវ)នោះមកចែកគ្នា។ ពាក្យថា ការចែកនំឬសដូវនេះ ជាសាមីចិកម្មក្នុងសិក្ខាបទនោះ សេចក្តីថា ការចែកនំឬសដូវនេះ ជាទំនៀមដ៏សមគួរក្នុងសិក្ខាបទនោះ។ ភិក្ខុសំគាល់ក្នុងនំឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ថាច្រើនជាងមែន ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់នំ ឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។
ID: 636786943286429595
ទៅកាន់ទំព័រ៖