ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[១១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយឲ្យឆាន់។ ពួកភិក្ខុឆាន់ហើយ បានហាមភត្តហើយ ក៏ទៅកាន់ត្រកូលញាតិទាំងឡាយ ភិក្ខុពួកខ្លះក៏ឆាន់ ភិក្ខុពួកខ្លះកាន់យកបិណ្ឌបាតទៅ។ គ្រានោះ ព្រាហ្មណ៍នោះបានពោលពាក្យនេះនឹងពួកជនជាអ្នកស្និទ្ធស្នាលថា បពិត្រអ្នកម្ចាស់ទាំងឡាយ ភិក្ខុទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ឆាន់បរិបូណ៌ហើយ សូមអ្នកទាំងឡាយអញ្ជើញមក ខ្ញុំនឹងអង្គាសអ្នករាល់គ្នាទៀត។ អ្នកស្និទ្ធស្នាលទាំងនោះពោលយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកនឹងអង្គាសយើងទាំងឡាយឲ្យឆ្អែតដូចម្តេចបាន អម្បាលភិក្ខុទាំងឡាយណាដែលអ្នកនិមន្តមកហើយ ភិក្ខុទាំងនោះមកកាន់ផ្ទះពួកយើង ខ្លះឆាន់ ខ្លះកាន់យកបិណ្ឌបាតហើយទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមនឹងឆាន់ក្នុងផ្ទះយើងទាំងឡាយហើយ ទៅឆាន់ក្នុងទីដទៃទៀតសោះ ហាក់ដូចជាខ្ញុំមិនអាចដើម្បីប្រគេនលោកឆាន់ឲ្យឆ្អែតបាន។
ID: 636786944056153621
ទៅកាន់ទំព័រ៖