ព្រះត្រៃបិដក ភាគ ០៤
តាមពាក្យរបស់លោកអ្នកចោទ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដ គ្រប់ៗខណៈដែលលេប។ លុះភិក្ខុនោះឆាន់រួចស្រេច ភិក្ខុអ្នកបង្ខំ ត្រូវអាបត្តិបាចិត្តិយ។
[១២៤] ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាហាមហើយ ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំ (ភិក្ខុនោះ) ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទមានសេចក្តីសង្ស័យ ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំ ឲ្យឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាម ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំឲ្យឆាន់ មិនត្រូវអាបត្តិ។ ភិក្ខុអ្នកចោទបង្អោនរបស់ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់លោកអ្នកចោទនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ៗខណៈដែលលេប។ ភិក្ខុមិនហាមភោជនទេ តែភិក្ខុអ្នកចោទសំគាល់ថាហាម ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនហាមភោជនទេ ភិក្ខុអ្នកចោទសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនទាន់ហាមភោជន ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាមមែន មិនត្រូវអាបត្តិ។
ID: 636786948196860456
ទៅកាន់ទំព័រ៖