ព្រះត្រៃបិដក ភាគ ០៤
ពួកភិក្ខុទាំងនោះក៏សួរថា ម្នាលអាវុសោ បើដូច្នោះ មានតែលោកឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រីឬអ្វី។ ព្រះវេឡដ្ឋសីសៈឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះវេឡដ្ឋសីសៈដ៏មានអាយុ មិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលវេឡដ្ឋសីសៈ ឮថាអ្នកឯងបានឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ។ ព្រះវេឡដ្ឋសីសៈក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯងមិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ។
ID: 636786950951788028
ទៅកាន់ទំព័រ៖