ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[១៣៤] កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់សោះ អ្នកណាមួយមិនគាប់ចិត្តនឹងភោជនដែលសម្បូរ អ្នកណាមួយមិនចូលចិត្តនឹងភោជនដែលមានរសឆ្ងាញ់។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ដូច្នោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយក៏នាំគ្នាឆាន់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។
ID: 636786952504596844
ទៅកាន់ទំព័រ៖