ព្រះត្រៃបិដក ភាគ ០៤
[១៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាគេមិនបានប្រគេន គឺសំដៅយកវត្ថុដែលភិក្ខុមិនបានទទួលប្រគេន។ ដែលហៅថា របស់ដែលគេប្រគេន គឺកាលបើទាយកឲ្យរបស់ណាដោយកាយក្តី ដោយរបស់ដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ភិក្ខុក៏ស្ថិតនៅក្នុងហត្ថបាស បានទទួល
(១) ដោយកាយ ឬដោយរបស់ដែលជាប់នឹងកាយ របស់នេះហៅថា គេប្រគេន។ ដែលហៅថា អាហារ គឺរបស់ណាមួយដែលគួរលេបចូលទៅបាន វៀរលែងតែទឹក និងឈើស្ទន់ របស់នេះហៅថា អាហារ។ ពាក្យថា វៀរលែងតែទឹក និងឈើស្ទន់ គឺលើកលែងតែទឹក និងឈើស្ទន់។ ភិក្ខុទទួលយកដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ។
(១) អដ្ឋកថា កិរិយាទទួលប្រគេនប្រកបដោយអង្គ៥ គឺ១.វត្ថុដែលបុរសមានកំលាំងយ៉ាងកណ្តាល ល្មមលើកឡើងបាន។ ២.អ្នកប្រគេនស្ថិតនៅក្នុងហត្ថបាស។ ៣.អ្នកប្រគេនបានបង្អោនខ្លួនចូលមក។៤.ទេវតាក្តី មនុស្សក្តី សត្វតិរច្ឆានក្តីប្រគេន។ ៥.ភិក្ខុទទួលវត្ថុនោះដោយកាយក្តី ដោយវត្ថុដែលជាប់នឹងកាយក្តី។
ID: 636786956118853568
ទៅកាន់ទំព័រ៖