ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៦
[១៦៥] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ត្រកូលជាឧបដ្ឋាករបស់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ និមន្តព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុដោយភត្ត ហើយក៏និមន្តពួកភិក្ខុឯទៀតដោយភត្តដែរ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ អាល័យតែចូលទៅរកត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់។ ឯភិក្ខុទាំងឡាយនោះ ក៏បាននិយាយពាក្យនេះនឹងមនុស្សអម្បាលនោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់(មក)។ ពួកមនុស្សអម្បាលនោះ ក៏និយាយឃាត់ថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយរង់ចាំសិន ទម្រាំព្រះឧបនន្ទជាម្ចាស់លោកនិមន្តមក។ ភិក្ខុទាំងឡាយនោះ បាននិយាយពាក្យនេះនឹងពួកមនុស្សអម្បាលនោះជាគំរប់ពីរដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់(មក)។ ពួកមនុស្សអម្បាលនោះ ក៏និយាយឃាត់ថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន សូមព្រះករុណាទាំងឡាយរង់ចាំសិនចុះ ទម្រាំតែព្រះឧបនន្ទជាម្ចាស់និមន្តមក។ ពួកភិក្ខុអម្បាលនោះ ក៏និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះជាគំរប់បីដងថា
ID: 636786966887609505
ទៅកាន់ទំព័រ៖