ព្រះត្រៃបិដក ភាគ ០៤
ដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយថា ភិក្ខុមិនត្រូវទៅមើលកងទ័ពដែលគេលើកចេញទៅទេ តែឥឡូវឪពុកធំអញនេះមានជម្ងឺនៅក្នុងកងទ័ព អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ទើបភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យទៅកាន់កងទ័ពបាន ព្រោះហេតុមានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។
[១៨២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា កងទ័ពដែលគេលើកចេញទៅ គឺកងទ័ពលើកចេញពីស្រុក ទៅតាំងសំចតនៅក្តី ចេញទៅហើយ ចេះតែដើរទៅទៀតក្តី។ ដែលហៅថា កងទ័ព គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង។ ពលដំរី (មួយៗ) មានបុរស១២នាក់។ ពលសេះ (មួយៗ)មានបុរសបីនាក់។ ពលរថ (មួយៗ)មានបុរសបួននាក់។
ID: 636786974781000981
ទៅកាន់ទំព័រ៖