ព្រះត្រៃបិដក ភាគ ០៤
ទីដែលគេត្រួតពលនោះ គឺទីដែលគេរាប់ពលថា ពលដំរីមានប៉ុណ្ណេះ ពលសេះមានប៉ុណ្ណេះ ពលរថមានប៉ុណ្ណេះ ពលថ្មើរជើងមានប៉ុណ្ណេះ។ ដែលហៅថា ទីតាំងនៅនៃកងទ័ពនោះ គឺពលដំរីនៅត្រង់កន្លែងនេះ ពលសេះនៅត្រង់កន្លែងនេះ ពលរថនៅត្រង់កន្លែងនេះ ពលថ្មើរជើងនៅត្រង់កន្លែងនេះ។ ដែលហៅថា ក្បួនទ័ពនោះ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួកសេនារថ១ ពួកសេនាថ្មើរជើង១។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត។ សេះបី ហៅថា ពួកសេនាសេះយ៉ាងតិចបំផុត។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត។ បុរសបួននាក់កាន់សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរជើងយ៉ាងតិចបំផុត។
[១៩១] ភិក្ខុទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលះបង់ឧបចារនៃទីមើល ហើយក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទៅដើម្បីមើលកងទ័ពមួយៗ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិទុក្កដ។ ភិក្ខុលះបង់ឧបចារនៃទីមើលហើយ ក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិទុក្កដ។
ID: 636787549994241297
ទៅកាន់ទំព័រ៖