ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[១៩៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុមួយរូបឲ្យសើចដោយជន្លួញ គឺម្រាមដៃ
(១)។ ភិក្ខុនោះសើចគាំងដកដង្ហើមមិនរួច ក៏ធ្វើកាលកិរិយាទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុចាក់ក្រលេកប្រលែងគ្នាដោយជន្លួញ គឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។
(១) គឺយកម្រាមដៃចាក់ក្រលេកលេង
ID: 636787554227123404
ទៅកាន់ទំព័រ៖