ព្រះត្រៃបិដក ភាគ ០៤
ហើយប្រគេនដុំស្ករអំពៅមួយដុំធំដល់ពួកភិក្ខុទាំងនោះ ដោយព្រះតម្រាស់ថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទាំងឡាយថ្វាយដុំស្ករអំពៅនេះដល់ព្រះដ៏មានព្រះភាគផង។ ពួកសត្តរសវគ្គិយភិក្ខុយកដុំស្ករអំពៅនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្តេចថ្វាយដុំស្ករអំពៅនេះចំពោះព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្តេចឃើញពួកអ្នកឯងនៅទីណា។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ស្តេចទតឃើ់ញពួកខ្ញុំព្រះអង្គកំពុងលេងទឹកក្នុងស្ទឹងអចិរវតី។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនាំគ្នាលេងទឹកទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុលេងទឹក ត្រូវអាបត្តិបាចិត្តិយ។
[២០៥] ដែលហៅថាលេងទឹកនោះ គឺភិក្ខុមានបំណងនឹងលេងទឹកដែលជ្រៅជាងភ្នែកគោឡើងទៅ ទោះមុជចុះក្តី ងើបឡើងក្តី ហែលក្តី ត្រូវអាបត្តិបាចិត្តិយ។
ID: 636787555830805129
ទៅកាន់ទំព័រ៖