ព្រះត្រៃបិដក ភាគ ០៤
មានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តី នូវភ្លើង ត្រូវអាបត្តិបាចិត្តិយ។ ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[២២៣] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុអ្នកសួរជម្ងឺក៏និយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺប្រាប់ថា ម្នាលអាវុសោ ពីដើមយើងរាល់គ្នាបង្កាត់ភ្លើងអាំង បានជាយើងបានសេចក្តីសុខសប្បាយរាល់គ្នា ដោយហេតុបានអាំងភ្លើងនោះ ទេឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនោះទើបយើងមានសេចក្តីខ្លាចក្រែង មិនហ៊ានអាំងភ្លើង បានជាយើងមិនមានសេចក្តីសុខសប្បាយដោយហេតុនោះឯង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺបង្កាត់ភ្លើងខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តី ហើយអាំងបាន ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនមានជម្ងឺ ប្រាថ្នានឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
ID: 636787559961861412
ទៅកាន់ទំព័រ៖