ព្រះត្រៃបិដក ភាគ ០៤
សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ នេះហៅថា សម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ ។
[២៣១] សម័យនោះឯង ភិក្ខុទាំងឡាយ ធ្វើនវកម្ម ហើយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) មិនហ៊ានងូតទឹកឡើយ ហើយក៏សឹងទាំងខ្លួនប្រឡាក់ ដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យធ្វើការងារ ទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ សម័យធ្វើការងារ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុយ៉ាងនេះហើយ ។
ID: 636787563029466869
ទៅកាន់ទំព័រ៖