ព្រះត្រៃបិដក ភាគ ០៤
ពាក្យថា ងូតទឹក គឺភិក្ខុកំពុងងូតទឹកដុសដោយផង់លំអិតក្តី ដោយដីស្អិតក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ។ លុះងូតរួចស្រេច ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែងចំពោះសម័យដែលគួរ។ មួយខែកន្លះដ៏សេស (ខាងចុង)នៃគិម្ហរដូវ ហៅថា សម័យក្តៅ។ មួយខែខាងដើមនៃវស្សានរដូវ ហៅថា សម័យស្អុះស្អាប់។ រួមខែទាំងនេះ ត្រូវជាពីរខែកន្លះ ហៅថា សម័យក្តៅ សម័យស្អុះស្អាប់ ភិក្ខុដឹងដូច្នេះហើយ គប្បីងូតទឹកចុះ។ ភិក្ខុណាវៀរចាកការងូតទឹកមានសេចក្តីមិនសប្បាយ ភិក្ខុនោះហៅថាមានសម័យមានជម្ងឺ ឬថាមានសម័យឈឺថ្កាត់។ ភិក្ខុដឹងខ្លួនថា មានសម័យឈឺថ្កាត់ហើយ គប្បីងូតទឹកចុះ។ ការងារដោយហោចទៅ សូម្បីតែបោសច្រាសសំអាតបរិវេណ ក៏ហៅថាសម័យធ្វើការងារ។ ភិក្ខុដឹងខ្លួនថា សម័យធ្វើការងារហើយ គប្បីងូតទឹកចុះ។ ដែលហៅថា សម័យដើរផ្លូវឆ្ងាយ គឺភិក្ខុគិតថា អញនឹងដើរផ្លូវប្រមាណកន្លះយោជន៍ ហើយគប្បីងូតទឹកបាន ភិក្ខុអ្នកដំណើរគប្បីងូតទឹកបាន ភិក្ខុដើរទៅហើយ គប្បីងូតទឹកបាន។ ដែលហៅថា សម័យខ្យល់និងភ្លៀង គឺពួកភិក្ខុត្រូវខ្យល់ប្រកបដោយធូលីហើយ មានដំណក់ទឹកពីរដំណក់ក្តី បីដំណក់ក្តី ធ្លាក់ត្រូវកាយ។ ភិក្ខុដឹងថា មានសម័យខ្យល់និងភ្លៀង គប្បីងូតទឹកបាន។
ID: 636787564340661865
ទៅកាន់ទំព័រ៖