ព្រះត្រៃបិដក ភាគ ០៤
ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយធ្វើធម្មីកថាដ៏ល្មមសមគួរដល់រឿងនោះៗ ដល់ភិក្ខុទាំងឡាយ ហើយទ្រង់ត្រាស់ហៅពួកភិក្ខុដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីប្រពៃដល់សង្ឃ១ ដើម្បីសប្បាយដល់សង្ឃ១។បេ។ ដើម្បីឋិតនៅនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។
[២៣៨] ដែលហៅថា ថ្មី គឺចីវរដែលមិនទាន់បានធ្វើកប្ប។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ។ ត្រង់ពាក្យថា គប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុត្រូវធ្វើកប្បពិន្ទុដោយកំណត់យ៉ាងតូចបំផុតត្រឹមប៉ុនចុងស្បូវ។ ដែលហៅថា ពណ៌ខៀវ គឺវត្ថុមានពណ៌ខៀវពីរយ៉ាង
ID: 636787566183347261
ទៅកាន់ទំព័រ៖